យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ការិយាល័យ​ KOICA ​ប្រចាំកម្ពុជា លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ សារមន្ទីរវាលពិឃាតជើងឯក(មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ដើម្បីមើលទីតាំង “គម្រោងស្តីពី ការអភិរក្ស និងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ”  នៅក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះត្រូវបានសម្របសម្រួលដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង(TSGM)។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃ “សន្និសីទអន្តរជាតិស្តីពី ការប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព” ។

សារមន្ទីរវាលពិឃាតជើងឯក(មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ឬ ជើងឯកជាទីតាំងនៃអតីតវាលចម្ការ និងរណ្តៅដ៏ធំធេងរបស់ជនរងគ្រោះដោយរបបខ្មែរក្រហម ដែលត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលមានចម្ងាយប្រហែល ១៧ គីឡូម៉ែត្រ ខាងត្បូងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ វាគឺជាកន្លែងដែលល្បីបំផុតដែលមានឈ្មោះថា វាលពិឃាត ដែលរបបខ្មែរក្រហម បានសម្លាប់ប្រជាជនជាងមួយលាននាក់ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ។

សូមរម្លឹកថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌ នៃ “គម្រោងស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារ សារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” ដែលទទួលបានការផ្តល់ហិរញ្ញប្បទានជំនួយឥត​សំណង​ ពីទីភ្នាក់ងារ KOICA។ អង្គការយូណេស្កូ កំពុងអនុវត្តន៍គម្រោងនេះ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះរួមមាន៖ ការអភិរក្ស និង ធ្វើឌីជីថលបណ្ណសារនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ បណ្ណសារទាំងនេះត្រូវបានគេទទួលស្គាល់ថា ជាបេតិកភណ្ឌឯកសារពិភពលោក ដែលមានសារៈសំខាន់ជាអន្តរជាតិ ហើយត្រូវបានចារឹកនៅលើការចងចាំរបស់អង្គការយូណេស្កូ ដែលបានចុះឈ្មោះទទួលស្គាល់ជាអន្តរជាតិក្នុងឆ្នាំ២០០៩។​ គម្រោងនេះមានគោលបំណង រម្លឹកឡើងវិញនូវការចងចាំទាំងនោះ តាមរយៈការបង្កើតគេហទំព័រ ដោយប្រើប្រភពជំនួយដើម្បីបង្កើតទំនាក់ទំនងបន្ថែម រវាងឯកសារ និងការបង្កើតកន្លែងពហុព័ត៌មាន ក្នុងឯកសាររដ្ឋបាលមន្ទីរ ស២១ រូបថត ចម្លើយសារភាពរបស់មនុស្សដែលជាប់ពន្ធនាគារនៅគុកទួលស្លែង(ស-២១) និងមនុស្សដែលត្រូវាបានគេសម្លាប់នៅទីនោះ ឬនៅវាលពិឃាតជើងឯក៕