វាលពិឃាដជើងឯកប្រហែលជាទីកន្លែងមកដល់មួយក្នុងចំណោមកន្លែងដែលគួរឱ្យរន្ធត់បំផុតចំពោះអ្នកទាំងអស់គ្នាក្នុងដំណើរការស្វែងយល់អំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់បក្ខពួក ប៉ុល ពត។

ថ្វីត្បិតតែយើងខ្ញុំបានមានការស្វែងយល់ទុកជាមុនអំពីកន្លែងមួយនេះដែលស្ថិតនៅជាយរាជធានីភ្នំពេញដើម្បីមានភាពម្ចាស់ការក៏ពិតមែន ប៉ុន្តែយើងខ្ញុំនៅតែមានអារម្មណ៍រួញមកវិញនៅពេលដែលយើងបានឆ្លងកាត់ខ្លោងទ្វារនៃកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនេះ និងមើលឃើញប៉មមួយដែលផ្ទុកពេញទៅដោយលលាក្បាលខ្មោចធ្វើឱ្យអ្នកមកទស្សនាគ្រប់រូបឈរធ្មឹងមួយសន្ទុះដែរ។

លោក ជួរ សុខទី ជានាយកសារមន្ទីរវាលពិឃាដជើងឯក បានដឹងថា ជើងឯកគឺគ្រាន់តែជាវាលពិឃាដមួយក្នុងចំណោមវាលពិឃាដប្រហែលចំនួន៤០០ ដែលបានប្រព្រឹត្តទៅអំពើឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា។ នៅតាមវាលពិឃាដទាំងនោះមានរាប់ពាន់រណ្តៅកប់សពរួមនៃប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់។ អស់រយៈពេលប៉ុន្មានខែបន្ទាប់ពីកងទ័ពវៀតណាមបានរំដោះរាជធានីភ្នំពេញពួកគេទើបបានរកឃើញវាលពិឃាដជើងឯក ហើយបានមើលឃើញរូបភាពដ៏រន្ធត់សាហាវឃោឃៅព្រៃផ្សៃទាំងនេះ។ នៅជុំវិញនោះគឺជារណ្តៅកប់សពរួមដែលសុទ្ធតែត្រូវបានគេកាត់ក្បាលកាត់ដៃជើងរបស់ពួកគេ និងមានរណ្តៅខ្លះកប់សពរហូតដល់ ៤៥០ នាក់។

ក្រោយមកនៅពេលអ្នកវិទ្យាសាស្ត្របានមកសិក្សាទើបតែដឹងថា ជនរងគ្រោះភាគច្រើនបានទទួលរងការឈឺចាប់ខ្លាំងបំផុត ស្ទើរតែលលាដ៍ក្បាលខ្មោចទាំងអស់ត្រូវបានគេវាយយ៉ាងសាហាវដែរ។ ក្នុងចំណោមលលាក្បាលជាង៨០០០ ដែលបានដាក់ក្នុងប៉មមួយនៅសារមន្ទីរជើងឯកនោះសុទ្ធតែត្រូវធ្លាយ បែក ឬប្រះឆា។ ពួកខ្មែរក្រហមបានប្រើប្រាស់ឧបករណ៍សាមញ្ញៗ ដូចជាដំបងឈើ ដំបងដែក កាំបិត ចប ពូថៅ ដើម្បីសម្លាប់មនុស្ស។ ជារៀងរាល់ថ្ងៃពួកគេបានយកមនុស្សប្រហែល៣០០ នាក់ទៅសម្លាប់នៅជើងឯក ហើយមុននឹងសម្លាប់ពួកគេធ្វើទារុណកម្មជនរងគ្រោះក្រោមគ្រប់រូបភាពដូចជាការកាត់ត្រចៀក កាត់ដៃជើង ជះសារធាតុគីមីលើមុខ លើមាត់ជាដើម។ ជារៀងរាល់ថ្ងៃរហូតក្នុងអំឡុងពេល១៤ ឆ្នាំកន្លងមក លោកជួរ សុខ ទី គឺជាអ្នកថែរក្សាដោយផ្ទាល់ចំពោះបំណែកឆ្អឹងទាំងអស់នោះនៅទីនេះរបស់មនុស្សជាង២០,០០០នាក់។ ស្មានថាខ្លួនគាត់បានស៊ាំនឹងភាពភ័យរន្ធត់នៅទីនេះ និងអាចទប់លើអារម្មណ៍របស់ខ្លួនបាន ប៉ុន្តែភ្នែករបស់គាត់នៅតែឡើងក្រហមនៅពេលដែលគាត់រំលឹកឡើងវិញអំពីអំពើសាហាវព្រៃផ្សៃរបស់ពួកខ្មែរក្រហម។

កាលនោះ ក្រោមរបបខ្មែរក្រហម លោក ជួរ សុខទី បានមើលឃើញដោយផ្ទាល់ពីភាពសាហាវ ឃោរឃៅរបស់ពួកខ្មែរក្រហមនៅពេលពួកគេពង្រីកការបោសសម្អាតលើគ្រប់ទិសទីសំលាប់មនុស្សគ្មានកំហុសនៅប៉ុន្មានថ្ងៃចុងក្រោយនៃរបបនេះ។ នៅពេលនោះដោយសារឪពុកគាត់ចាស់ជរាពេក មិនអាចចូលរួមជាមួយអ្នកភូមិរត់ចូលក្នុងព្រៃដើម្បីគេចខ្លួនបានទេ ដូច្នេះលោកជួរ សុខទី បានសំរេចចិត្តមិនរត់គេចទៅណាទេ គឺនៅកន្លែងដើម្បីការពារឪពុករបស់ខ្លួន។ ជាសំណាងល្អណាស់ នៅប៉ុន្មានថ្ងៃក្រោយមកកងទ័ពវៀតណាមបានជួយប្រជាជនកម្ពុជាឱ្យវាយផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជនកម្ពុជារាប់លាននាក់រួចផុតពីរបបប្រល័យពូជសាសន៍។ លោកបាននិយាយថា “ខ្ញុំសូមអរគុណដល់កងទ័ពស្មគ្រចិត្តវៀតណាមដែលបានជួយសង្រ្គោះខ្ញុំពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្ញុំនឹងចងចាំជានិច្ចកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប្រសិនបើគ្មានថ្ងៃ៧ មករា នោះទេ ខ្ញុំក៏មិនដឹងថា ជីវិតខ្ញុំនឹងក្លាយជាយ៉ាងណាទេ”។

យើងបានបញ្ចប់ការសន្ទនាជាមួយលោកជួរ សុខទី ដើម្បីត្រឡប់ទៅវិញស្រាប់តែក្នុងចិត្តមានក្តីមោទនយ៉ាងខ្លាំងចំពោះការពលីជីវិតដ៏ឧត្តុងឧត្តមរបស់កងទ័ពស្មគ្រចិត្តវៀតណាមដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរស់រៀនមានជីវិតឡើងវិញ ហើយដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍដ៏រុងរឿងដូចសពថ្ងៃនេះ៕